តារាថោន មាស សុខសោភា បានចេញវាយលុកប្រមូលការគាំទ្រមួយប្រាវទៀត ជាមួយអាល់ប៊ុម (Album) ម្នាក់ឯង លើកដំបូង តាំងពីចូលនៅទ្រនំចុងក្រោយនេះ តែ មើលទៅសន្ទុះនៃការគាំទ្រ មិនទាន់ផ្អើលខ្លាំងដូចមុនទេ ហើយនាងបែរជាផ្អើលៗ ខ្លាចកាមេរ៉ាអ្នកកាសែតទៅវិញ ពេលបណ្តើរស្វាមីទៅឆាកតន្ត្រី ស្របពេលដែលនាងមាន គម្រោងចេញទៅច្រៀង នៅប្រទេសអូស្ត្រាលី នៅដើមខែមិថុនា នេះ...។
មាស សុខសោភា បានភ្លក្សរសជាតិចេញម្នាក់ឯង១វ៉ុលសុទ្ធ នៅអំឡុងខែមិថុនា នេះ ដែលបទចម្រៀងនាងមានការសម្រិតសម្រាំងដោយ អ្នកនិពន្ធ និងទីប្រឹក្សាផលិតកម្មថោន លោកយឹម តាស្រង់ ហើយក្រុមការងារសង្ឃឹមថា មាស សុខសោភា នឹងកាន់តែល្បីជាមិនខាន។
ដើម្បីធ្វើតេស្តថា បទចម្រៀងនាងមានគេគាំទ្រឬអត់ មាស សុខសោភា បានឡើងច្រៀងប្រមូលកម្លាំងសាជាថ្មី នៅលើឆាកតន្ត្រី CTN កាលពី រាត្រីថ្ងៃទី២៧ ឧសភា ក្នុងកម្មវិធី “តន្ត្រីថ្ងៃអាទិត្យ” ហើយអ្នកចម្រៀងរូបនេះ បានច្រៀងបទថ្មី៤បទ គឺបទ “ពេលគេងលក់ ទើបអាចភ្លេចបង”, “បោកអ្នកណាបោកទៅ លើកលែងតែបោកអូន”, “គេមានសំណាង អូនមានទឹកភ្នែក” និងបទ “ញញឹម”។
គ្រប់បទទាំងអស់ មាស សុខសោភា មានក្រុម-អ្នកគាំទ្រតាមហែហម ហ៊ោទះដៃ ប៉ុន្តែ មិនមែនភ្លូកទឹក ភ្លូកដីទេ ហើយដោយសារតែបទនាងថ្មីពេក ទើបគេ មិនទាន់អាចសន្និដ្ឋានបានថា អាចខ្លាំងក្លាយ៉ាងណាទេ ប៉ុន្តែ ក្រុមអ្នកគាំទ្រតារារូបនេះ បានលើកឡើងថា មាស សុខសោភា នៅតែមានសំនៀងពីរោះរណ្តំដដែល ហើយ ពេលនេះ តារាឈានមុខគេនៅថោន រូបនេះ កំពុងល្បីគួរសម នូវបទ “១០០%” តែសន្ទុះនោះ បើប្រៀបធៀប ទៅបទ “១០០០រាត្រី” និង “១នាទី” នៅ ំ ហាក់មិនទាន់ ដល់កម្រិតនោះទេ។
ក្នុងការបង្ហាញខ្លួនសាជាថ្មីនេះដែរ មាស សុខសោភា ហាក់ផ្អើលៗ ជាមួយអ្នកកាសែត ថែមទាំងមិនឱ្យថតរូប ក្រោយឆាកទៀតផង ដែលអ្នកសិល្បៈខ្លះថា មកពីនាង ខ្លាចជាប់ប្តីមកជាមួយដែរ។
មាស សុខសោភា ធ្លាប់ល្បីដល់កំពូល កាលពីឆ្នាំ ២០០៨-២០០៩ តែ២ឆ្នាំចុងក្រោយនេះ បានរបូតទៅ ធ្លាក់លើអ្នកចម្រៀងឱក សុគន្ធកញ្ញា ហើយនៅឆ្នាំ២០១២ នេះ កាន់តែមានការប្រកួតប្រជែងគ្នាខ្លាំង ពេលឱក សុគន្ធកញ្ញា មិនចង់បាត់បង់តំណែង ហើយចុងក្រោយ នេះ តារាទាំង២ បានចេញបុកគ្នា ១វ៉ុលសុទ្ធទៀត អ៊ីចឹង ទីផ្សារ ប្រាកដជាមានការប្រុងប្រយ័ត្នរៀងៗខ្លួន ព្រោះមាស សុខសោភា ល្បីឈានមុខគេ នៅថោន ចំណែកឱក សុគន្ធកញ្ញា ជើងខ្លាំងនៅហង្សមាស។
ក្រៅពីបុក១វ៉ុលសុទ្ធម្នាក់ឯង មាស សុខសោភា កំពុងត្រៀមវេចបង្វេចទៅអូស្ត្រាលី នៅខែមិថុនា នេះដែរ ជាមួយតារាចម្រៀងប្រុស របស់ផលិតកម្ម ពីអៅំណ ឆាយ វីរៈយុទ្ធ និងតារាហង្សមាស ពេជ្រ សោភា ហើយតាមប្រភពថា ស្វាមីមាស សុខសោភា កំពុងត្រៀមរត់ការចេញទៅជាមួយនាង ដែរ ព្រោះត្រូវសម្តែងដល់ទៅ១ខែកន្លះឯណោះ។
លោកអ៊ុក មិន្ទណារិទ្ធ ជាប្រធានក្រុម ក្នុងក្រុមភ្លេងចចកសមុទ្រ ដែលត្រូវទៅប្រគំឱ្យមាស សុខសោភា ច្រៀងនៅអូស្ត្រាលី ដែរនោះ បាន ប្រាប់ថា “ក្រុមភ្លេងខ្ញុំ និងតារាចម្រៀងទាំង៣ មានមាស សុខសោភា ពេជ្រ សោភា និងលោក ឆាយ វីរៈយុទ្ធ នឹងត្រូវចេញទៅអូស្ត្រាលី នៅ អំឡុងខែមិថុនា នេះហើយ តែមិនទាន់កំណត់ថ្ងៃ ចេញទៅទេ ហើយតាមគម្រោង ពួកយើងត្រូវសម្តែងនៅរដ្ឋមែលប៊ន អាដឺរឡែដ ស៊ីដនីយ៍ ទើបត្រឡប់មកស្រុកខ្មែរ វិញ។ ការសម្តែងនេះ មានលក្ខណៈស្តង់ដារទ្រង់ទ្រាយធំ មានអ្នកកាសែតអូស្ត្រាលី សម្ភាសន៍ និងចុះផ្សាយទៀត ព្រោះថវិកាមួយចំនួនធំ ត្រូវ បង្វិលទៅជួយកុមារកំព្រា ហើយយើងចេញទៅតាមរយៈ ផ្សៀនសៀរ អង្គការមូលនិធិកុមារកំព្រា”។
មាស សុខសោភា ច្រៀងបទពីដើម បានពីរោះ ដូចនេះ ប្រាកដជាមានការគាំទ្រច្រើនជាមិនខាន រួមទាំង តារារួមដំណើរជាមួយ សុទ្ធតែជាតារាល្បីៗ តែទោះជាគ្រប់ប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ ប្រកាសឈ្មោះនាងថា “កញ្ញាៗ” មែន ប៉ុន្តែ ប្រហែលជាគ្មានប្រុសក្រៅប្រទេស ហ៊ានសុំស្នេហាទេ ព្រោះតែមានស្វាមីតាមឆ្វែល គ្រប់ពេលបែបនេះ។
ទស្សនិកជនកំពុងរង់ចាំមើលថា តើការបញ្ចេញ១វ៉ុលសុទ្ធ របស់មាស សុខសោភា អាចយកលេខ១វិញ បានឬអត់?...៕
ប្រភព៖AKT