រហូតមកដល់ពេលនេះ វ៉ុលថ្មីបើកឆាករបស់លោកសូណូ និងលោកកែវ បូរ៉ា (Frieshie Boy) តារាចម្រៀងចំណូលថ្មីរបស់ហង្សមាស នៅមិនទាន់ចេញវាយបំបែកទីផ្សារ ដូចលោកនៅ ស៊ីនឿន នៅឡើយទេ។ ប៉ុន្តែច្បាស់ណាស់ថា តារារូបសង្ហារទាំងពីរដួងនេះ នឹងធ្វើឲ្យមហាជនភ្ញាក់ផ្អើល នៅពេលបទថ្មីរបស់ពួកគេចេញឃោសនាជាសាធារណៈ។ ការវិភាគមួយថ្មី យល់ឃើញយ៉ាងប្រាកដថា សន្ទុះឡើងកូដរបស់តារាចំណូលថ្មី នឹងធ្វើឲ្យលោកណុប បាយ៉ារិទ្ធិ ដែលសមាជិកហង្សមាសចាស់វស្សាដេកភ័យ ហើយចំណុចមួយដែលជៀសមិនផុតនោះគឺបទចម្រៀងល្អៗ នឹងមិនអាចធ្លាក់ក្នុងដៃរបស់តារារូបនេះ ក្នុងចំនួនច្រើនដូចមុនទៀតនោះទេ។ ម្យ៉ាងបើទោះជា ហង្សមាស នៅតែរក្សាគោលជំហរលើកស្ទួយតារាចាស់ៗ មិនឲ្យស្ងប់ស្ងាត់ ក៏ពួកគេ បូករួមទាំងលោកណុប បាយ៉ារិទ្ធិផង នឹងមិនអាចទទួលបានបទល្អៗ ច្រើនក្នុងដៃ ដែលជាកត្តាកាន់តែចង្អៀត ក្នុងការប្រទាញយកការគាំទ្រ។ ការវិភាគនោះ ថែមទាំងថា ណុប បាយ៉ារិទ្ធិ នឹងជួបឧបសគ្គជាមួយតារាក្រៅទ្រនំ និងសមាជិកថ្មីនៅហង្សមាស ក្នុងករណីដែលហង្សមាស ទម្លាក់ដៃ ហើយគិតតែលើកស្ទួយលោកព្រាប សុវត្ថិ និងតារាចំណូលថ្មីទាំងនោះទៀតផង។ ប៉ុន្តែផ្ទុយនឹងការយល់ឃើញនេះ លោក ណុប បាយ៉ារិទ្ធិ អះអាងថា លោកអត់ដេកភ័យទេ បើទោះជាហង្សមាស បន្ថែមចំនួនអ្នកចម្រៀងប្រុសពីរបីនាក់ទៀតយ៉ាងណាក៏ដោយ។
តាមការអះអាងនេះ មានន័យថា លោកអត់ខ្វល់រឿងហង្សមាសផ្ដល់ជំហរលើកស្ទួយអ្នកណានោះទេ សំខាន់ឲ្យតែលោកមានការអភិវឌ្ឍន៍ខ្លួនដើម្បីពង្រីកការគាំទ្រ ហើយធ្វើឲ្យហង្សមាសទទួលស្គាល់ពីការប្រឹងប្រឹងរបស់លោក ដូចជាពង្រឹងក្បាច់រាំ និងស្ទីលតុបតែងខ្លួន នោះលោកនៅតែជឿថា ហង្សមាស ពិតជាបន្តការលើកស្ទួយចំពោះលោកដូចដើម។ លោកនិយាយយ៉ាងខ្លីថា មិនថាតារាចាស់ថ្មីនោះទេ ឲ្យតែគេចេញបទទៅគ្មានការគាំទ្រ គឺមិនមែនគេសុខចិត្តឡង់សេម្នាក់ហ្នឹងតែដដែលនោះទេ ដូច្នេះអ្វីដែលសំខាន់គឺសមត្ថភាព និងការប្រឹងប្រែងប៉ុណ្ណោះ៕
ដោយ៖ តារារដ្ឋ(Khmerzoom)











