តារាចម្រៀងល្បីឈ្មោះលោកណុប បាយ៉ារិទ្ធិ បានបង្ហាញមុខក្នុងកម្មវិធីថតទុក អបអរពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែកាលពីម្សិលមិញ នៅទូរទស្សន៍ជាតិ។ លោកអះអាងថា ទោះជាហង្សមាសសម្ងំរៀបយុទ្ធសាស្រ្តលើកស្ទួយតារាចម្រៀងចំណូលថ្មី ក៏លោកអត់បានដេកភ័យដែរ បើទោះជាដឹងថា វត្តមានរបស់តារាចំណូលថ្មីទាំងនោះ នឹងធ្វើឲ្យសន្ទុះឡើងកូដរបស់លោក ត្រូវហែកជាចម្រៀកតូចជាងមុន នៅពេលខាងមុខក្ដី។
រហូតមកដល់ពេលនេះ វ៉ុលថ្មីបើកឆាករបស់លោកសូណូ និងលោកកែវ បូរ៉ា (Frieshie Boy) តារាចម្រៀងចំណូលថ្មីរបស់ហង្សមាស នៅមិនទាន់ចេញវាយបំបែកទីផ្សារ ដូចលោកនៅ ស៊ីនឿន នៅឡើយទេ។ ប៉ុន្តែច្បាស់ណាស់ថា តារារូបសង្ហារទាំងពីរដួងនេះ នឹងធ្វើឲ្យមហាជនភ្ញាក់ផ្អើល នៅពេលបទថ្មីរបស់ពួកគេចេញឃោសនាជាសាធារណៈ។ ការវិភាគមួយថ្មី យល់ឃើញយ៉ាងប្រាកដថា សន្ទុះឡើងកូដរបស់តារាចំណូលថ្មី នឹងធ្វើឲ្យលោកណុប បាយ៉ារិទ្ធិ ដែលសមាជិកហង្សមាសចាស់វស្សាដេកភ័យ ហើយចំណុចមួយដែលជៀសមិនផុតនោះគឺបទចម្រៀងល្អៗ នឹងមិនអាចធ្លាក់ក្នុងដៃរបស់តារារូបនេះ ក្នុងចំនួនច្រើនដូចមុនទៀតនោះទេ។ ម្យ៉ាងបើទោះជា ហង្សមាស នៅតែរក្សាគោលជំហរលើកស្ទួយតារាចាស់ៗ មិនឲ្យស្ងប់ស្ងាត់ ក៏ពួកគេ បូករួមទាំងលោកណុប បាយ៉ារិទ្ធិផង នឹងមិនអាចទទួលបានបទល្អៗ ច្រើនក្នុងដៃ ដែលជាកត្តាកាន់តែចង្អៀត ក្នុងការប្រទាញយកការគាំទ្រ។ ការវិភាគនោះ ថែមទាំងថា ណុប បាយ៉ារិទ្ធិ នឹងជួបឧបសគ្គជាមួយតារាក្រៅទ្រនំ និងសមាជិកថ្មីនៅហង្សមាស ក្នុងករណីដែលហង្សមាស ទម្លាក់ដៃ ហើយគិតតែលើកស្ទួយលោកព្រាប សុវត្ថិ និងតារាចំណូលថ្មីទាំងនោះទៀតផង។ ប៉ុន្តែផ្ទុយនឹងការយល់ឃើញនេះ លោក ណុប បាយ៉ារិទ្ធិ អះអាងថា លោកអត់ដេកភ័យទេ បើទោះជាហង្សមាស បន្ថែមចំនួនអ្នកចម្រៀងប្រុសពីរបីនាក់ទៀតយ៉ាងណាក៏ដោយ។
តារាមុខក្មេង សំឡេងចាស់រូបនេះ ពន្យល់ថា លោកអត់ដូចអ្នកចម្រៀងដទៃទេ ព្រោះបើរវល់តែដេកភ័យ គឺប្រាកដជាទន់ជើង ហើយបណ្ដាលឲ្យអ្នកថ្មីជាន់ពន្លិចជាក់ជាមិនខាន។ លោកនិយាយថា ធម្មតាអ្នកមកថ្មី គឺតែងទទួលបានការចាប់អារម្មណ៍ជាងអ្នកចាស់ ហើយបើគេមានបទល្អចេញលក់ទៀត គឺប្រាកដជាងាយល្បីឈ្មោះដោយមិនពិបាក។ ប៉ុន្តែលោកមិនគិតថា វត្តមានរបស់តារាថ្មី និងការហែកបទល្អៗចែកគ្នា នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកធ្លាក់កូដឡើយ។ តារារូបនេះនិយាយថា «នៅក្នុងសង្គមនេះ ខ្ញុំតែងឮថាអ្នកចាស់មិនសប្បាយចិត្តនឹងភាពរីកចម្រើនរបស់អ្នកថ្មី ប៉ុន្តែសម្រាប់ខ្ញុំគឺអត់គិតអញ្ចឹងទេ ព្រោះបើគាត់កាន់តែខ្លាំង គឺខ្ញុំកាន់តែរកគន្លឹះអភិវឌ្ឍន៍ខ្លួន ហើយបើយើងប្រឹងកែលម្អចំណុចខ្វះខាត នោះជោគជ័យនឹងនៅតែមាន!»។ លោកបន្តថា បើរវល់តែភ័យ ហើយច្រណែន គឺមិនខុសពីបណ្ដោយខ្លួនឲ្យបរាជ័យនោះទេ អញ្ចឹងហើយទើបលោកគិតថា បើគូប្រជែងកាន់តែល្អ គឺលោកកាន់តែពង្រឹងជំហរ និងបង្កើនសមត្ថភាពឲ្យមានលក្ខណៈល្អប្រសើរ។ លោកមិនជឿថា ក្រុមហ៊ុនមួយ មើលមិនឃើញពីសមត្ថភាព និងការប្រឹងប្រែងរបស់បុគ្គលិកនោះទេ បើសិនជាបុគ្គលនោះ ចេះជួយខ្លួនឯងជាមុន។ ជាមួយគ្នានោះ លោកណុប បាយ៉ារិទ្ធិ ក៏បញ្ជាក់ពីជំហរថា នឹងបង្កើនសមត្ថភាពតាមរយៈការតុបតែងខ្លួន ការលេងស្ទីល និងការហ្វឹកហាត់ក្បាច់រាំ កុំឲ្យទៅឃើញតែដដែលនៅក្នុងពិភពចម្រៀងផងដែរ។ លោកនិយាយថា «សម្រាប់ខ្ញុំ គឺប្រយ័ត្នខ្លួនឯងជានិច្ច តាមរយៈ ការលួចចម្លងស្ទីលតុបតែងខ្លួន និងការបំបែកក្បាច់រាំពីតារាបរទេស ប៉ុន្តែខ្ញុំអត់យកពីគេទាំងស្រុងទេ ព្រោះយើងជាតារាខ្មែរ ហើយខ្ញុំជឿថា បើមនុស្សម្នាក់ចេះអភិវឌ្ឍន៍ខ្លួនឯង ហើយចេះជួយខ្លួនឯង គឺក្រុមហ៊ុនណាក៏សប្បាយចិត្តនឹងជួយលើកស្ទួយដែរ»។
តាមការអះអាងនេះ មានន័យថា លោកអត់ខ្វល់រឿងហង្សមាសផ្ដល់ជំហរលើកស្ទួយអ្នកណានោះទេ សំខាន់ឲ្យតែលោកមានការអភិវឌ្ឍន៍ខ្លួនដើម្បីពង្រីកការគាំទ្រ ហើយធ្វើឲ្យហង្សមាសទទួលស្គាល់ពីការប្រឹងប្រឹងរបស់លោក ដូចជាពង្រឹងក្បាច់រាំ និងស្ទីលតុបតែងខ្លួន នោះលោកនៅតែជឿថា ហង្សមាស ពិតជាបន្តការលើកស្ទួយចំពោះលោកដូចដើម។ លោកនិយាយយ៉ាងខ្លីថា មិនថាតារាចាស់ថ្មីនោះទេ ឲ្យតែគេចេញបទទៅគ្មានការគាំទ្រ គឺមិនមែនគេសុខចិត្តឡង់សេម្នាក់ហ្នឹងតែដដែលនោះទេ ដូច្នេះអ្វីដែលសំខាន់គឺសមត្ថភាព និងការប្រឹងប្រែងប៉ុណ្ណោះ៕
តាមការអះអាងនេះ មានន័យថា លោកអត់ខ្វល់រឿងហង្សមាសផ្ដល់ជំហរលើកស្ទួយអ្នកណានោះទេ សំខាន់ឲ្យតែលោកមានការអភិវឌ្ឍន៍ខ្លួនដើម្បីពង្រីកការគាំទ្រ ហើយធ្វើឲ្យហង្សមាសទទួលស្គាល់ពីការប្រឹងប្រឹងរបស់លោក ដូចជាពង្រឹងក្បាច់រាំ និងស្ទីលតុបតែងខ្លួន នោះលោកនៅតែជឿថា ហង្សមាស ពិតជាបន្តការលើកស្ទួយចំពោះលោកដូចដើម។ លោកនិយាយយ៉ាងខ្លីថា មិនថាតារាចាស់ថ្មីនោះទេ ឲ្យតែគេចេញបទទៅគ្មានការគាំទ្រ គឺមិនមែនគេសុខចិត្តឡង់សេម្នាក់ហ្នឹងតែដដែលនោះទេ ដូច្នេះអ្វីដែលសំខាន់គឺសមត្ថភាព និងការប្រឹងប្រែងប៉ុណ្ណោះ៕
ដោយ៖ តារារដ្ឋ(Khmerzoom)