បណ្តាញសង្គមតាមអ៊ីនធើណេតដ៏ធំបំផុតនៅលើពិភពលោកនៅសហរដ្ឋអាមេរិក គឺFacebook ហើយក៏បានចាប់ដាក់លក់ភាគហ៊ុនរបស់ខ្លួនដែលមាន ៤២១លានភាគហ៊ុន នៅលើទីផ្សារមូលប័ត្រនៅទីក្រុងញ៊ូវយកដោយ១ភាគហ៊ុន ថ្លៃ៣៨ដុល្លារអាមេរិក។ បណ្តាញសង្គម Facebook ដែលត្រូវបានបង្កើតឡើងកាលពី៨ឆ្នាំមុន ដោយនិសិត្សម្នាក់នៃសាកលវិទ្យាល័យ Harvard ឈ្មោះ Mark Zuckerberg មកទល់ពេលនេះមានសមាជិករបស់ខ្លួនប្រមាណ៩០០លាននាក់។ នៅពេលចាប់បើកលក់ភាគហ៊ុន Facebook នៅលើទីផ្សារមូលប័ត្រភ្លាមចំនួនអ្នកវិនិយោគទុនដែលសុំទិញភាគហ៊ុនរបស់ Facebook កើនកំរិតខ្ពស់រហូតដល់ ២៥ភាគរយ លើសពីការគ្រោងទុក។ នេះគឺឯតទគ្គកម្មមួយសំរាប់ ក្រុមហ៊ុនបណ្តាញសង្គម Facebook ព្រោះថាបើមួយភាគហ៊ុនមានតម្លៃ៣៨ដុល្លារនោះ ក្រុមហ៊ុន Facebook ដែលមានដាក់លក់៤២១លានភាគហ៊ុន នឹងមានតម្លៃភាគហ៊ុនសរុបប្រមាណ ១០៤ពាន់លានដុល្លារ។ ភាគហ៊ុន របស់ Facebook នឹងមានតម្លៃខ្ពស់ជាង ក្រុមហ៊ុន Disney ឬក៏ Mc Donald’s ទៅទៀត។ បន្ទាប់ពីការដាក់លក់ភាគហ៊ុនរបស់ Facebook លោក Mark Zuckerberg ដែលជាស្ថាបនិក Facebook មានចំណែកភាគហ៊ុនរបស់ខ្លួនជិត៥៦ភាគរយ នៃដើមទុនក្រុមហ៊ុន។ រីឯអ្នកទិញភាគហ៊ុនរបស់ Facebook វិញជឿទុកចិត្តថាក្រុមហ៊ុន Facebook អាចនឹងរកប្រាក់ចំណូលកើនថែមទៀតរហូតដល់ ២៧ដងនៃប្រាក់ចំណូលរបស់ Facebook នៅឆ្នាំ២០១១ ប្រាក់ចំណូលដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ គ្រាន់តែឆ្នាំ២០១១ ប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មនេះ មានប្រមាណ ៣១៥០លានដុល្លារ គឺប្រមាណ៨៥ភាគរយនៃ ប្រាក់ចំណូលសរុបប្រចាំឆ្នាំ។ ការជឿទុកចិត្តពេក របស់អ្នកទិញវិនិយោគទុននៃក្រុមហ៊ុន Facebook ក៏អាចជាគ្រោះថ្នាក់មួយដែរ ពីព្រោះ គេនៅមិនដឹងថា តើក្រុមហ៊ុន Facebook ត្រូវធ្វើដូចម្តេច ដើម្បីធ្វើឲ្យបា្រក់ចំណូលរបស់ខ្លួន បានកើនលើងជាងពេលបច្ចុប្បន្ននេះ។ រហូតមកទល់ពេលនេះ គេនៅតែមន្ទិលសង្ស័យពីមធ្យោបាយ រកប្រាក់ចំណូល បានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម៕
ប្រភពពី៖Khmerzoom